ព័ត៌មានថ្នាក់ដឹកនាំ
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៦ គណៈគ្រប់គ្រង សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង ចំនួន៦រូប បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមូលបត្រកម្ពុជា នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប ក្នុងគោលបំណងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ បង្កើតប្រភពចំណូលទីពីរ ការការពារហានិភ័យ និងជម្រើសវិនិយោគសុវត្ថិភាព ឱកាសកសាងបណ្តាញទំនាក់ទំនង ជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនតម្លាភាព និងអភិបាលកិច្ចក្នុងក្រុមហ៊ុន កាត់បន្ថយការឆបោកផ្នែកហិរញ្ញវត្ថុ។
ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានរៀបចំកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យ តាមដាន និងកែលម្អ នូវ ដំណើរការ និងវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃគុណភាពអប់រំផ្ទៃក្នុងឆ្នាំ២០២៦” ក្រោម អធិបតីភាព លោកស្រីបណ្ឌិត ងួន សុខចេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន អប់រំឧត្តមសិក្សា។
ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានរៀបចំកិច្ចប្រជុំស្តីពី «ការពិភាក្សាអំពីសន្ទុះ នៃការចូលរៀនរបស់និស្សិតមហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ទេព ឃុនណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ។ កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យ និងវាយតម្លៃស្ថានភាព នៃការចូលរៀនរបស់និស្សិត ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈម និងឱកាសនានា ដើម្បីកំណត់ទិសដៅ និងវិធានការជាក់ស្តែង ក្នុងការលើកកម្ពស់សន្ទុះ នៃការចូលរៀន និងពង្រឹងគុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ គណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រង់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូជប៉ុនមកពីក្រុមហ៊ុន KOMATSU និងអង្គការ JEMAS ប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចដំណើរការក្នុងគម្រោង SATREPs ដែលនឹងដំណើរការនាពេលឆាប់ៗខាងមុខនេះ ។
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតជ័យលាភី សរុបចំនួន ១៩៥៥នាក់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការអាហារូបករណ៍សិស្ស និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ។ ដោយឡែកសម្រាប់ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យ UME បានត្រៀមរៀបចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតជួយលាភីជំនាន់ទី ២២ ២៣ និង២៤ នៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៦ នេះក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
